loading...

ចុចទីនេះដើម្បីមើលវីឌីអូ

ជួយស៊ែរបន្ដផង ! មានករណីដាក់ថ្នាំសណ្ដំចាប់ក្មេងស្រីម្នាក់ ហើយចងដៃចងជើងបម្រុងវះយកគ្រឿងក្នុងលក់ តែត្រូវអ្នកភូមិឃើញទាន់ សូមប្រុងប្រយ័ត្នចំពោះកូនៗទាំងអស់គ្នា

ស្ទឹងត្រែង៖ កុមារី​ម្នាក់​រស់នៅ​ឃុំ​អូរស្វាយ ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​គេ​ធ្វើ​ទារុណកម្ម​ចង​ដៃ​ជើង កាត់​សក់ និង​ប្រើ​ថ្នាំ​សណ្ដំ។ ហើយនៅ​រសៀល​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧ កុមារី​រងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខែត្ត​ស្ទឹងត្រែង។

សមត្ថកិច្ច​ស្រុក​ថាឡាបរិវ៉ាត់ នៅ​មិន​ទាន់​សន្និដ្ឋាន​ថា​​យ៉ាង​ណា​នៅ​ឡើយ​ទេ ព្រោះ​មន្ត្រី​ជំនាញ​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត។ ចំណែក​មេ​ឃុំ​អូរស្វាយ សង្ស័យ​ថា ការ​ធ្វើ​ទារុណកម្ម​កុមារី​បែប​នេះ បំណង​សម្លាប់​វះ​កាត់​យក​គ្រឿង​ក្នុង​លក់។

មេ​ឃុំ​អូរស្វាយ លោក រ័ត្ន ស៊ុន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ កុម្ភៈ ថា អ្នក​ភូមិ​ប្រទះ​ឃើញ​កុមារី​ម្នាក់​ត្រូវ​បាន​មនុស្ស ៥​នាក់​ធ្វើ​ទារុណកម្ម​ដោយ​ចង​ដៃ​ចង​ជើង បិទ​មាត់ និង​ប្រើ​ថ្នាំ​សណ្ដំ កាលពីថ្ងៃទី០៣ កុម្ភៈ នៅ​គ្រា​ដែល​ឪពុក​ម្ដាយ​កុមារី​នោះ​ជាប់​រវល់​ការងារ​ស្រែ​ចម្ការ ហើយ​ទុក​កូន​នៅ​ចាំ​ផ្ទះ។ លោក​ថា ជន​ល្មើស​បាន​រត់​គេច​ខ្លួន​នៅ​ពេល​ដែល​អ្នក​ភូមិ​ប្រទះ​ឃើញ​ពួក​គេ​កំពុង​ធ្វើ​ទារុណកម្ម។ ក្រៅ​ពី​នេះ ស្ថានភាព​កុមារី​រូប​នោះ​មាន​បញ្ហា​ស្មារតី និង​សុខភាព​ទ្រុឌទ្រោម បន្ទាប់​ពី​អ្នក​ភូមិ​បាន​ជួយ​សង្គ្រោះ​ភ្លាម និង​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ។

លោក​សង្ស័យ​ថា ករណី​នេះ​អាច​ជា​ជន​ល្មើស​ចង់​សម្លាប់​កុមារ​ដើម្បី​វះ​យក​បេះដូង ក្រលៀន និង​ឈាម ជាដើម ធ្វើ​អាជីវកម្ម ព្រោះ​តាម​ការ​ពិនិត្យ​ជា​ជំហាន​ដំបូង​របស់​សមត្ថកិច្ច ពុំ​ឃើញ​មាន​ស្លាកស្នាម​រំលោភ​នោះ​ទេ។

គួរបញ្ជាក់ថា នៅមុន​ពេល​កើត​ហេតុ អ្នក​ភូមិ​ប្រទះ​ឃើញ​មនុស្ស​ប្លែក​មុខ​មួយ​ក្រុម​មាន​គ្នា ៥​នាក់ ប្រើប្រាស់​ម៉ូតូ​ចំនួន ៤​គ្រឿង ធ្វើ​ដំណើរ​ទៅ​មក​ក្នុង​ឃុំ​អូរស្វាយ។ តំបន់​នោះ​ជាប់​ព្រំដែន​ប្រទេស​ឡាវ មាន​ពលរដ្ឋ​រស់នៅ​ជាង ២០០​គ្រួសារ ស្មើ​នឹង​ពលរដ្ឋ​ជាង ៨០០​នាក់ ស្ថិត​នៅ​ទិស​ខាង​កើត​ឆៀង​ខាង​ជើង​នៃ​ទី​រួម​ខែត្រ​ស្ទឹងត្រែង ឆ្ងាយ​ពី​ទី​រួម​ខែត្រ​ជាង ៦០​គីឡូម៉ែត្រ។

​អធិការ​ស្រុក​ថាឡាបរិវ៉ាត់ លោក សែម ស៊ីថា មាន​ប្រសាសន៍​ថា នគរបាល​ស្រុក​បាន​ទទួល​ពាក្យ​បណ្ដឹង​នេះ​ហើយ និង​បាន​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ធ្វើ​ការ​ស្រាវជ្រាវ ហើយ​ពុំ​ទាន់​អាច​កំណត់​អត្តសញ្ញាណ​ជន​ល្មើស​នៅ​ឡើយ​ទេ៕





ប្រភព៖ KHMERNEWS

Share on Google Plus

0 comments:

Post a Comment